Heng Sinith | AP
សំឡេងអ្នកនយោបាយ
ជីវិតអ្នកនយោបាយដែលតស៊ូដើម្បីការផ្សះផ្សាជាតិ
លោក សុន ឆ័យ បានចាត់ទុកខ្លួនលោកជាអ្នកផ្សះផ្សានយោបាយកម្ពុជា តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ។ ហើយក្នុងនាមជាសមាជិកម្នាក់នៃគណបក្សសង្គ្រោះជាតិ លោកបានស្ម័គ្រចិត្តបន្តរស់នៅក្នុងប្រទេសកម្ពុជា នៅពេលដែលសមាជិកដទៃទៀតនៃគណបក្សនេះបានសម្រេចនិរទេសទៅក្រៅប្រទេស ដោយសារស្ថានភាពនយោបាយតានតឹង។
ភ្នំពេញ ទោះបីយ៉ាងគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ លោក សុន ឆ័យ នៅតែញញឹម។
បើទោះបីជារូបលោក និងសហការីចំនួន១១៨នាក់ក្នុងគណបក្សសង្គ្រោះជាតិ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយពីគណបក្សនេះត្រូវបានរំលាយក៏ដោយ ក៏អតីតតំណាងរាស្ត្រល្បីឈ្មោះរូបនេះ នៅតែញញឹមពព្រាយក្នុងបទសម្ភាសន៍ជាមួយ VOA កាលពីចុងខែមីនា ដោយរំឭកពីប្រវត្តិ និងការតស៊ូនយោបាយអស់ពេលពីរទសវត្សរ៍របស់លោក មុនដំណើរការបោះឆ្នោតជាតិនៅថ្ងៃទី ២៩ ខែ កក្កដានេះ។
គណបក្សសង្គ្រោះជាតិ ដែលជាសម្ព័ន្ធភាពនយោបាយជំទាស់ កើតចេញពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សកាលពីឆ្នាំ២០១២ ត្រូវបានរំលាយដោយចម្រូងចម្រាស ក្រោមអំណាចសាលក្រមតុលាការកំពូលរបស់កម្ពុជា។ សមាជិកគណបក្សប្រឆាំងនេះចំនួន១១៨នាក់ ត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ហើយសមាជិកជាន់ខ្ពស់មួយចំនួនធំ បានភៀសខ្លួនទៅក្រៅប្រទេស ដោយសារភ័យខ្លាចការចាប់ខ្លួន។














តាមតួលេខ | ភ្នំពេញ | ថ្នាក់ជាតិ |
---|---|---|
អគ្គិសនី ២០១៣ | 98.4% | 48.1% |
មរណភាពទារក ២០០៨ | 33.4 ក្នុង 1000 | 77.7 ក្នុង 1000 |
រៀនចប់ថ្នាក់បឋមសិក្សា ២០១៦ | 76.76% | 79.87% |
ខណៈដែលសហការីរបស់លោកមួយចំនួនបានរត់ភៀសខ្លួនចេញទៅក្រៅប្រទេស ស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលក្រុងភ្នំពេញឲ្យបែរត្រឡប់ក្រោយ និងបើកលំហនយោបាយឡើងវិញនោះ លោក សុន ឆ័យ បានសម្រេចចិត្តផ្ទុយពីនេះ ដោយបន្តរស់នៅក្នុងប្រទេស មិនចេញទៅណា។
បើនិយាយពីឆាកនយោបាយខ្មែរសម័យទំនើបក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោក សុន ឆ័យ ក៏ដូចជាអ្នកនយោបាយដទៃទៀតដែលមានឈ្មោះល្បីរន្ទឺដែរ កម្រនឹងចាកឆ្ងាយពីឧគ្ឃោសនស័ព្ទ និងប្រព័ន្ធឃោសនានាណាស់។ ជាញឹកញយ គេឃើញលោកនិយាយទៅកាន់មហាជនតាមរយៈកិច្ចសម្ភាសន៍ជាមួយបណ្ដាញសារព័ត៌មាន ការចុះទៅជួបពលរដ្ឋម្ចាស់ឆ្នោត និងការចោទសួរសំណួរពិបាកៗទៅកាន់មន្ត្រីរដ្ឋាភិបាលរាប់មិនអស់ ដែលមិនសូវចូលចិត្តសំណួរទាំងនេះ។
តាំងតែពីឆ្នាំ១៩៩៣មក លោក សុន ឆ័យ បានជាប់ឆ្នោត និងដើរតួនាទីជាអ្នកតំណាងរាស្ត្រនៅគណបក្សបីផ្សេងៗពីគ្នា ចាប់តាំងពីអតីតគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា អតីតគណបក្ស សម រង្ស៊ី និងចុងក្រោយបង្អស់នេះ គឺគណបក្សសង្គ្រោះជាតិ ដែលមកទល់នឹងពេលរំលាយគណបក្សនេះ លោក សុន ឆ័យ ដើរតួនាទីជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្ស ដែលតាំងទីដុះឫសការងារនៅសភាជាន់ទាបនេះតែម្ដង។
លោក សុន ឆ័យ បាននិយាយក្នុងកិច្ចសន្ទនាជាមួយ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំយល់ថា សភាគឺជាស្ថាប័នជាតិមួយដែលតំណាងឱ្យពលរដ្ឋទូទៅ ត្រូវតែអ្នកដឹកនាំឆ្លើយបំភ្លឺពលរដ្ឋតាមសភា តាមរយៈការសួរដេញដោល»។
អតីតអ្នកតំណាងរាស្ត្ររូបនេះបានបន្ថែមយ៉ាងដូច្នេះថា៖
«ភាសាអង់គ្លេស គេឧស្សាហ៍និយាយជាញឹកញាប់ដែរថា៖ There is no peace without justice [ដែលមានន័យថា] ដូច្នេះសង្គមដែលគ្មានយុត្តិធម៌ វាអត់មានសន្តិភាពទេ។ ដូច្នេះដើម្បីមានសន្តិភាព វាទាល់តែមានយន្តការគ្រប់គ្រងដែលផ្ដល់យុត្តិធម៌បានដល់ពលរដ្ឋគ្រប់រូប»។
គ្មានវិប្បដិសារី
ទាំងក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិដណ្ដើមបានសំឡេងគាំទ្រខ្ទង់លានសំឡេង ប្រមូលបានអាសនៈយ៉ាងច្រើនសន្ធឹកសន្ធាប់។ ដ្បិតតែមិនទាន់ដល់ថ្នាក់វ៉ាប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជាក៏ពិតមែន ប៉ុន្តែសំឡេងគាំទ្រក៏ល្មមធ្វើឲ្យគណបក្សកាន់អំណាចច្រើនទសវត្សរ៍មួយនេះរសើបនៅលែងសុខ។
ប៉ុន្តែអ្វីៗបានប្រែប្រួល ខណៈពេលដែលព្រះអាទិត្យបន្ទាបខ្លួនទាបទៅៗ សន្សឹមៗ ហៀបអស្ដង្គត។ វេលារសៀលហក់ចូលពេលល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ វាហាក់ដូចជាបានដើរតួជាប្រផ្នូលនៃទីបញ្ចប់របស់គណបក្សសង្គ្រោះជាតិ ដែលមែនទែននៅមានសុខភាពនយោបាយល្អប្រសើរនៅឡើយ ប្រៀបដូចជាយុវជនពេញកម្លាំងម្នាក់។
នៅពេលដែល លោក ឌិត មុន្ទី ប្រធានតុលាការកំពូល អុកញញួរសម្រេចរំលាយគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ និងសហការីទាំង១១៨រូប ត្រូវអស់ការងារធ្វើនៅរដ្ឋសភាជាស្វ័យប្រវត្តិ ក្រោយពីការប្រព្រឹត្តទៅនៃអង្គជំនុំជម្រះពេញមួយថ្ងៃ ក្រោមការយាមកាមយ៉ាងម៉ត់ចត់ពីសំណាក់កងកម្លាំងប្រដាប់អាវុធយ៉ាងក្រាស់ឃ្មឹក ព័ទ្ធជុំវិញមន្ទីរតុលាការជាន់ខ្ពស់របស់ប្រទេស ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គណបក្សប្រឆាំងនេះត្រូវបានចោទថា បានធ្វើនយោបាយក្រោមការដឹកច្រមុះរបស់រដ្ឋាភិបាលបរទេស ដែលសំដៅទៅលើរដ្ឋាភិបាលអាមេរិក ដោយបានអនុវត្តគម្រោងការតូចធំនានា ដើម្បីផ្តួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបទចោទនេះត្រូវបានច្រានចោល និងមិនទទួលស្គាល់ដោយគណបក្សសង្គ្រោះជាតិ និងរដ្ឋាភិបាលអាមេរិក។
យ៉ាងណាក៏ដោយ នៅមុនការរំលាយតែប៉ុន្មានសប្ដាហ៍ ប្រធានគណបក្សគឺលោក កឹម សុខា ត្រូវបានកម្លាំងនគរបាលចូលទៅចាប់ខ្លួនទាំងកណ្ដាលអាធ្រាត្រ ហើយលោកត្រូវបានគេឃុំមកទល់នឹងពេលនេះ គិតតាំងពីខែ កញ្ញា ឆ្នាំ ២០១៧ ដោយប្រឈមនឹងការចោទប្រកាន់ពីបទ«ក្បត់ជាតិ»។
ដ្បិតតែក្រុមអ្នករិះគន់និងតាមដានមួយចំនួនបានបញ្ចេញទស្សនៈថា ការរំលាយគណបក្សសង្គ្រោះជាតិ មានន័យស្មើនឹង«មរណភាពនៃរបបប្រជាធិបតេយ្យ»នៅកម្ពុជាយ៉ាងណាក្ដី ក៏របបដឹកនាំរដ្ឋាភិបាលនៅរាជធានីភ្នំពេញ បានចាត់ទុកការចាត់វិធានការវាយបង្ក្រាបក្រុមជំទាស់នេះ ថាជាការអនុវត្តច្បាប់ស្របតាមនីតិវិធីនានានៃច្បាប់ប្រទេស ធានារក្សាសន្តិភាព ស្ថិរភាព និងកសាងនីតិរដ្ឋឲ្យខាងតែបាន។
ដោយបានជ្រើសយកជម្រើសផ្សេងពីសហការីរាប់សិបនាក់ដែលរត់គេចខ្លួន លោក សុន ឆ័យ ដែលបន្តរស់នៅក្នុងប្រទេសតាមយថាកម្ម បានចំណាយពេលទំនេរ«គ្មានការងារធ្វើ»របស់លោក ឆ្លុះបញ្ចាំងឡើងវិញនូវជីវភាព និងទស្សនវិជ្ជានយោបាយរបស់លោក ដែលដាក់ចេញជាការអនុវត្តនាពេលកន្លងមក។
«អត់ទេ! ខ្ញុំអត់មានស្ដាយក្រោយ ក៏អត់មានស្ដាយតួនាទីដែរ! អត់ទេ! ទីមួយវាគឺជាឱកាសឲ្យខ្ញុំបានសម្រាកផង ព្រោះធ្វើការយូរហើយ ជាតំណាងរាស្ត្រប្រាំអាណត្តិ! យូរដែរ! … ទីពីរ អ្វីដែលសំខាន់ គឺក្នុងរយៈកាលម្ភៃប្លាយឆ្នាំនេះ គឺយើងបានធ្វើការងាររបស់យើង ដោយស្មោះត្រង់ ដោយកិត្តិយស! អាហ្នឹងដែលសំខាន់!»
លោក សុន ឆ័យ បានបន្ថែមថា៖
«យើងជាអ្នកដឹកនាំ យើងត្រូវកែប្រែទម្លាប់អាក្រក់យើងទៅតាមការប្រែប្រួលនៃសង្គម ណា៎! យើងធ្វើប្រឆាំងនឹងពលរដ្ឋអត់បានទេ! យើងត្រូវដឹងថា ការធ្វើប្រឆាំងនឹងចរន្តពលរដ្ឋនេះ មិនអាចជោគជ័យនោះទេ សម័យណាក៏ដូចសម័យណាដែរ។ ដូច្នេះធ្វើម៉េចត្រូវយកចិត្តទុកដាក់ ត្រូវអប់រំខ្លួនឯងបន្ថែម ផ្លាស់ប្ដូរទម្លាប់របស់ខ្លួនហ្នឹង ឱ្យស្របទៅតាមការប្រែប្រួលនៃសង្គម ធ្វើម៉េចឱ្យពលរដ្ឋទទួលយកបាន។ នេះជាយោបល់របស់ខ្ញុំ!»
បច្ចុប្បន្ននេះ លោក សុន ឆ័យ ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃៗ គាស់រំលើងឡើងវិញនូវឯកសារប័ណ្ណសារការងារចាស់ៗ ដែលលោកបានសន្សំរៀបចំទុកក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនៃការងារនយោបាយ ក្រែងលោអាចសរសេរអត្តជីវប្រវត្តិបែបប្រវត្តិសាស្ត្រមួយទុកជាឯកសារស្រាវជ្រាវសម្រាប់សាធារណជនទៅថ្ងៃអនាគត។
ក្រៅពីនោះ លោក សុន ឆ័យ ក៏មានពេលអង្គុយសញ្ជឹងអានជីវប្រវត្តិអ្នកនយោបាយល្បីៗនានាផងដែរ ដែលក្នុងនោះលោកចាប់អារម្មណ៍ជាងគេ ខ្សែជីវិតនយោបាយប្រែប្រួលពីររនោចមកខ្នើត នៃអតីតរដ្ឋបុរសចិនកុម្មុយនីស្ត តេង សៀវភីង ដែលជាបិតាស្ថាបនិកយុគសម័យវិបុលភាពសេដ្ឋកិច្ចចិនសម័យទំនើប តាមរយៈការបើកទ្វារប្រទេសទទួលយកមនោគមវិជ្ជាសេដ្ឋកិច្ចមូលធននិយម។
ចំពោះលោក សុន ឆ័យ អំណានអំពីលោក តេង សៀវភីង បាននាំឱ្យលោកមានការវាយតម្លៃទៅលើបុរសមាឌក្រអាញរបស់ចិនរូបនេះយ៉ាងដូច្នេះថា ជាមនុស្សដាក់ខ្លួន និងស្គាល់កាលៈទេសៈ សំងំអភិវឌ្ឍខ្លួន កសាងគំនិត រង់ចាំពេលវេលាមកដល់នឹងយកទៅអនុវត្តតែម្ដង។
ហក់ចូលសមរភូមិនយោបាយ
លោក សុន ឆ័យ មានកំណើតកើតជាអ្នកភូមិស្វាយធំ ក្បែរក្រុងសៀមរាប មិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្ត នៅលើទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្ររបស់ប្រទេស។ លោកចាប់កំណើតក្នុងទសវត្សរ៍ ១៩៥០ ក្នុងគ្រួសារដែលមានឪពុកជាបុគ្គលិកដឹកជញ្ជូនរបស់សាជីវកម្មរដ្ឋមួយនៃរបបសង្គមរាស្ត្រនិយមនៃអតីតសម្ដេចព្រះឧបយុវរាជ នរោត្តម សីហនុ និងម្ដាយជាមេផ្ទះមើលថែកូនប្រុសស្រីចំនួន១១នាក់ រួមទាំងលោក សុន ឆ័យ ផង។
លុះបានចម្រើនវ័យដល់ដំណាក់កាលទទួលការអប់រំសិក្សាធិការនិងនៅពេលទំនេរពីម៉ោងរៀនសូត្រ លោក សុន ឆ័យ តែងចំណាយពេលអង្គុយដំកង់ផ្ទៀងត្រចៀកស្ដាប់ការជជែកដេញដោលក្នុងរដ្ឋសភា ដែលផ្សាយតាមវិទ្យុជាតិគ្រប់គ្រងដោយរដ្ឋ ផ្សាយចេញពីភ្នំពេញ។ ពេលនោះហើយដែលលោកបានស្គាល់នូវអ្វីទៅដែលហៅថាឆាកនយោបាយ។
ក៏ប៉ុន្តែការតាំងចិត្តយ៉ាងមុតមាំថាត្រូវតែចូលប្រឡូកក្នុងនយោបាយដើម្បីកែកុនស្ថានភាពស្រុកទេសនោះ លោកមិនដែលមានទាល់តែសោះ រហូតទាល់តែយុវជន សុន ឆ័យ ដូចនឹងខ្មែរមួយនគរដែរ ហែលប្រឡូកឆ្លងកាត់របបខ្មែរក្រហមកុម្មុយនីស្ត ដែលបាននាំឱ្យឪពុកនិងបងប្អូនរបស់លោកពីររូបទទួលមរណភាព ទើបឆន្ទៈនយោបាយរបស់លោកកើតចេញយ៉ាងពុះកញ្ជ្រោល។ លោក សុន ឆ័យ បានប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំមានការឈឺចាប់ ដោយប្រទេសកម្ពុជាយើងតែងតែទទួលបាននូវអ្នកដឹកនាំដែលខ្វះការទទួលខុសត្រូវ ដោយសារតែអ្នកដឹកនាំប្រទេសខ្វះការទទួលខុសត្រូវនេះឯង ដែលធ្វើឱ្យយើងរងទុក្ខវេទនា។ យើងឃើញហើយពីរបបមួយទៅរបបមួយ អ្នកដឹកនាំយកចិត្តទុកដាក់តែពីរឿងអំណាច ពីរឿងមុខមាត់ច្រើន ហើយមានការឈ្លោះប្រកែកគ្នា ដោយសារតែអំណាចហ្នឹង ប៉ុន្តែមិនបានយកចិត្តទុកដាក់ក្នុងការរៀបចំសង្គមឱ្យមានយន្តការរឹងមាំដើម្បីធានាសុខសាន្តរបស់សង្គមទេ»។

រូបឯកសារ៖ លោក សុន ឆ័យ ដែលជាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា ដែលនិរទេសខ្លួន បានលើកដៃជាសញ្ញាជ័យជម្នះ បន្ទាប់ពីលោកមកដល់អាកាសយាន្តដ្ឋានភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ១៩៩៧។ លោកបានចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញ។ (Ou Neakiry | AP)
ក្រោយពីរបបខ្មែរក្រហមដួលរំលំដោយការវាយសម្រុកចូលរបស់កងទ័ពសាធារណរដ្ឋសង្គមនិយមវៀតណាម នៅឆ្នាំ១៩៧៩ លោក សុន ឆ័យ បានទៅរស់នៅប្រទេសអូស្ត្រាលីក្នុងនាមជាជនភៀសខ្លួន ដែលលោកបានសិក្សារៀនសូត្របន្តផ្នែកគណិតវិទ្យា មុននឹងត្រឡប់មកកម្ពុជាវិញនៅឆ្នាំ១៩៩១ ពេលដែលអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិជួយទំនុកបម្រុងភាគីជម្លោះខ្មែរទាំងបួនភាគីឲ្យចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
ជាមួយនឹងឆន្ទៈនិងក្ដីប្រាថ្នាចង់ចូលនយោបាយស្រាប់ លោក សុន ឆ័យ បានវិវត្តខ្លួនយ៉ាងរហ័សពីការងារជាគ្រូបង្រៀននៅអូស្ត្រាលី មកក្លាយជាបេក្ខជនតំណាងរាស្ត្រនៃគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនារបស់អតីតនាយករដ្ឋមន្ត្រី លោក សឺន សាន នៅទឹកដីកម្ពុជា។ នៅឆ្នាំ១៩៩៣ លោកជាប់ជាតំណាងរាស្ត្រមណ្ឌលសៀមរាប។
ក៏ប៉ុន្តែភាពប្រទាញប្រទង់ដណ្ដើមអនុភាពផ្នែកអំណាចនយោបាយ ចេះតែបន្តកើតមានរហូតដល់មានការបណ្ដេញលោក សម រង្ស៊ី ចេញពីតំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងតំណែងជាតំណាងរាស្ត្រ ដែលជាព្រឹត្តិការណ៍មួយជួយគូសវាសនាអនាគតនយោបាយរបស់លោក សុន ឆ័យ និងលោក សម រង្ស៊ី ដែលលោកបានចូលរួមដើរទន្ទឹមគ្នារហូតមកដល់ពេលថ្មីៗនេះ។
ឆក់យកសន្តិភាពមកវិញ
អភិក្រមនៃការដណ្ដើមអំណាចក្នុងរដ្ឋាភិបាលចម្រុះសហនាយករដ្ឋមន្ត្រី នៃគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សប្រជាជនកម្ពុជាបានវិវត្តពីសមរភូមិត្រជាក់ ទៅជាចម្បាំងរាំងជល់មួយចម្អិនកំពឹស តែប្រកបដោយភាពមហន្តរាយនៅខែកក្កដា ឆ្នាំ១៩៩៧ ពេលដែលកម្លាំងពីរក្រុមនៃកងយោធពលខេមរភូមិន្ទ ដែលស្មោះស្ម័គ្រនឹងគណបក្សរៀងៗខ្លួនក្នុងចំណោមគណបក្សទាំងពីរ បានពើបប្រយុទ្ធគ្នានៅកណ្ដាលរាជធានីភ្នំពេញ និងតំបន់យុទ្ធសាស្ត្រដែលនៅជុំវិញ។
លទ្ធផលនៅទីចុងបញ្ចប់នៃសមរភូមិបង្ហូរឈាមកណ្ដាលរាជធានីដែលទើបទទួលបានសន្តិភាពថ្មីថ្មោង បាននាំឲ្យមានមនុស្សស្លាប់សន្ធឹកសន្ធាប់ ហើយនាយករដ្ឋមន្ត្រីទីមួយ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ត្រូវបានទម្លាក់ពីតំណែង និងជំនួសដោយអ្នកថ្មី។ ចំណែកឯឧត្ដមសេនីយ៍ជាមេទ័ពហ៊្វុនស៊ីនប៉ិចមួយចំនួនត្រូវបានចាប់ចង និងពិឃាដក្ស័យជីវិត ហើយរចនាសម្ព័ន្ធមិនផ្លូវការនៃកងទ័ពជាតិដែលស្មោះស្ម័គ្រនឹងគណបក្សហ៊្វុនស៊ីនប៉ិចក៏ត្រូវរលត់រលាយបាត់រូប។
នៅពេលនោះហើយ ដែលលោក សុន ឆ័យ ដែលជាអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបនាគ្រានោះ បានសម្រេចចិត្តហោះហើរត្រឡប់ពីទីក្រុងបាងកក ប្រទេសថៃ ចូលមកវិញ ដើម្បីស្វែងរកការសម្រុះសម្រួលគ្នាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភាគីពាក់ព័ន្ធ ធានាយ៉ាងណាដោះស្រាយបញ្ហា និងធានាអប្រក្រតីភាពនៃដំណើរប្រជាធិបតេយ្យថ្មីថ្មោងរបស់ប្រទេសឡើងវិញ ក្រោយពីលោកនិងសហការីជាច្រើនរូបទៀតរត់គេចខ្លួន ដើម្បីសុវត្ថិភាពនៃអាយុជីវិត ចេញក្រៅតំបន់ប្រយុទ្ធថ្មីកណ្ដាលបេះដូងនៃភូមិសាស្ត្រនយោបាយរបស់ជាតិ។
ក្រៅតែពីបានជជែកនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដំណើររបស់លោក សុន ឆ័យ ក៏បាននាំឱ្យលោកមានភ័ព្វត្រូវបានអតីតព្រះមហាក្សត្រព្រះបាទ នរោត្តម សីហនុ ទ្រង់សព្វព្រះរាជហឫទ័យ ប្រទានសវនាការភ្លាមៗនៅឯព្រះរាជដំណាក់របស់ព្រះអង្គ ក្នុងសង្កាត់ស្វាយដង្គំ មាត់ស្ទឹងខេត្តសៀមរាប ក្បែរស្រុកកំណើតលោក សុន ឆ័យ។
«សំណាងដែរ ព្រះករុណាលោកទទួល។ ខ្ញុំជួបព្រះករុណាបីម៉ោង ហើយរឿងនេះជារឿងដែលខ្ញុំចងចាំមួយជីវិតរបស់ខ្ញុំ … កាលនោះ លោកព្រះកន្សែង លោកយំ ហើយនៅពេលដែលជួបនោះ មានតែខ្ញុំ[និងទ្រង់]ពីរនាក់ទេ»។
ជាច្រើនខែ បន្ទាប់ពីជំនួបទាំងនោះ ដំណោះស្រាយនយោបាយមួយក៏កើតចេញឡើង ក្រោមគំនិតផ្ដួចផ្ដើមជារូបមន្តរបស់ប្រទេសជប៉ុន ក្នុងការបើកសវនាការសម្រេចកំបាំងមុខកាត់ទោស ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និងមានការព្រះរាជទានលើកលែងទោស ឱ្យផុតទោសទណ្ឌធានាឲ្យ ហ៊្វុនស៊ីនប៉ិច អាចចូលរួមការបោះឆ្នោតឆ្នាំ១៩៩៨ បានដោយពេញដៃពេញជើង។
ខណៈដែលគណបក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធសាសនា រងនូវការប្រេះស្រាំបែកបាក់មុនការបោះឆ្នោតជាតិឆ្នាំ១៩៩៨ លោក សុន ឆ័យ ក៏បានចាកចេញទៅចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សដែលយកឈ្មោះលោក សម រង្ស៊ី មេដឹកនាំគណបក្សជាឈ្មោះចលនានយោបាយតែម្ដងគឺ គណបក្ស សម រង្ស៊ី។
រូបមន្តនៃការជជែករវាងខ្មែរនឹងខ្មែរ ក្រោយពីព្រឹត្តិការណ៍ខែកក្កដាឆ្នាំ១៩៩៧នោះហើយ ដែលនៅតែនាំឲ្យលោក សុន ឆ័យ ហាក់នៅមានក្ដីសង្ឃឹម និងសុទិដ្ឋិនិយមថា ការជជែកគ្នាផ្សះផ្សាផ្នែកនយោបាយរវាងរបបដឹកនាំរាជការនៅរាជធានី ភ្នំពេញ និងក្រុមអ្នកនយោបាយគណបក្សសង្គ្រោះជាតិ នៅតែជាជម្រើសមួយដែលចៀសមិនផុត។

រូបឯកសារ៖ លោក សម រង្ស៊ី (កណ្តាល) ដែលជាមេដឹកនាំប្រឆាំង និងលោក សុន ឆ័យ ដែលជាមន្ត្រីគណបក្សសម រង្ស៊ី ចូលជួបពិភាក្សាជាមួយនឹងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលជាប្រធានសភាជាតិ នៅឯរដ្ឋសភាជាតិ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៦។ (Chor Sokunthea | Reuters)
គិញ?
ជារឿងកម្រមួយកាលពីឆ្នាំ២០១២ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខទៅបំភ្លឺនៅចំពោះមុខសម័យប្រជុំពេញអង្គនៃសភាជាន់ទាប តបនឹងសំណើចោទសួរពីសំណាក់លោក សុន ឆ័យ ទាក់ទិនបញ្ហានៃការកំណត់ និងបោះបង្គោលព្រំដែនដីគោកខាងកើត និងខាងត្បូងជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងសុន្ទរកថា ដែលបិទមិនឱ្យមានការឆ្លើយឆ្លងចោទសួរ មានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ក្នុងស្រុកទាំងអស់និងមានរយៈពេលសរុប៥ម៉ោងនិង២០នាទីនោះ ត្រង់ចំណុចមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅអ្នកតំណាងរាស្ត្រដែលមានសាច់ឈាមសជ្រះថ្លា ពាក់វ៉ែនតាធំៗថា «ប្អូន សុន ឆ័យ» និងការព្យាយាមបង្ហាញពីភាពជិតស្និទ្ធ ដោយលើកឡើងពីពេលវេលាដែលបុគ្គលទាំងពីរបានជជែកធ្វើការជាមួយគ្នាកាលពីទសវត្សរ៍ ១៩៩០ នៅក្នុងអ្វីដែលអ្នកតាមដាននាជំនាន់នោះ បានបរិយាយថា ជាការប៉ុនប៉ងរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីបង្កើតក្ដីសង្ស័យក្នុងចំណោមសហការីរបស់លោក សុន ឆ័យ ក្នុងគណបក្សជំទាស់ថា លោក សុន ឆ័យ អាចជាមនុស្សរបស់លោកនាយករដ្ឋមន្ត្រី ធ្វើការកំបាំងមុខក្នុងជួរអ្នកជំទាស់។
ក៏ប៉ុន្តែលោក សុន ឆ័យ នៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់និងចុងក្រោយបំផុតដល់ VOA នេះ បានបដិសេធយ៉ាងដាច់អហង្ការ ហើយថា លោកមានភាព«ឈឺចាប់»ដែលរងការចោទប្រកាន់បែបនេះ។ លោក សុន ឆ័យ និយាយថា មកទល់នឹងពេលទ័លច្រកនេះ លោកនៅតែមានឆន្ទៈក្នុងការដើរតួនិយាយចរចា សន្ទនាជាមួយរដ្ឋអំណាចក្រុងភ្នំពេញ តែការណ៍នេះអាចនាំឲ្យកើតក្ដីសង្ស័យពីសំណាក់សហការីរបស់លោកនៅក្រៅប្រទេស និងការណ៍ដែលពិបាកទុកចិត្តលោកនាយករដ្ឋមន្ត្រី ក្នុងបរិបទនយោបាយថ្មីចុងក្រោយនេះ ធ្វើឲ្យលោកស្ទាក់ស្ទើរ។
យ៉ាងណាក្ដី លោក សុន ឆ័យ បានវាយតម្លៃខ្លីមួយអំពីបុគ្គលិកលក្ខណៈ និងទឹ្រស្ដីនយោបាយរបស់លោក ហ៊ុន សែន យ៉ាងដូច្នេះថា៖
«ខ្ញុំនៅតែជឿ នៅតែជឿថាសម្ដេច ហ៊ុន សែន ជាមនុស្សឈ្លាសវៃ! ហើយគាត់ជាមនុស្សដែលចូលចិត្ត គាត់និយាយបែបម៉េច គាត់ធ្វើបែបហ្នឹង។ ហើយធម្មតាដូចដែលខ្ញុំបាននិយាយ យើងត្រូវយល់ពីគាត់ដែរ យើងមិនត្រូវថា គាត់អាក្រក់ទាំងអស់ទេ … យើងត្រូវទទួលស្គាល់ យើងត្រូវឲ្យយុត្តិធម៌ទៅគេ»។
ប៉ុន្តែលោក សុន ឆ័យ ក៏បានលើកឡើងផងដែរថា យន្តការនៃការគ្រប់គ្រងប្រទេស មិនគួរប្រមូលផ្ដុំលើបុគ្គលទេ តែគួរតែពឹងផ្អែកលើការធ្វើស្ថាប័នរូបនីយកម្ម។ ហើយទឹ្រស្ដីនេះក៏មានទំនាក់ទំនងនឹងអភិបាលកិច្ចគណបក្សផងដែរ។
«ដូច្នេះបើយើងរំពឹងតែទៅលើបុគ្គល ចុះបើបុគ្គលហ្នឹងអត់នៅតទៅទៀត តើឲ្យប្រទេសជាតិយើងហ្នឹងរំពឹងអ្វី? តើវានឹងទៅជាយ៉ាងណា? ដូច្នេះបានជាខ្ញុំមានជំនឿទៅលើស្ថាប័នជាតិហ្នឹងហើយ»។
ទះដៃម្ខាងមិនឮទេ!
បន្ទាប់ពីការបោះឆ្នោតជាតិឆ្នាំ២០១៣ ដែលគ្រានោះគណបក្សសង្គ្រោះជាតិស្ទើរតែអាចផ្ដួលគណបក្សប្រជាជនកម្ពុជាបាន មានការធ្វើមហាបាតុកម្មអស់រយៈពេលជាច្រើនខែពីគណបក្សសង្គ្រោះជាតិដែលធ្វើការជំទាស់នឹងលទ្ធផលបោះឆ្នោត និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញ និងរហូតដល់មានការទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែងថែមទៀតផង។
លោក សុន ឆ័យ បានលើកយកឧទាហរណ៍នៃបាតុកម្មក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ មកធ្វើជាអំណះអំណាងគាំទ្រសម្មតិកម្មរបស់លោកមួយថា ប្រជាធិបតេយ្យមិនទាន់លូតលាស់ដល់កម្រិតចាស់ទុំនៅឡើយ គឺអ្នកនយោបាយរមែងទាស់ទែងគ្នាយកស្លាប់រស់។
«ខ្មែរយើងមានពាក្យធ្លាប់ប្រើហើយ៖ ដៃទាល់តែទះទាំងពីរបានឮសំឡេង ឬបញ្ហាមួយដែលថា បើមិនមានភ្លើង វាគ្មានផ្សែងនោះទេ ឧទាហរណ៍អីចឹង។
ការណ៍នេះហើយដែលនាំឲ្យឈានទៅដល់ការបរាជ័យនៃវប្បធម៌សន្ទនាមួយដង្ហើមខ្លីរវាងគណបក្សនយោបាយទាំងពីរ នាពេលក្រោយមក កម្តៅឈានដល់ចំណុចរំពុះមួយ រហូតឈានដល់ការរំលាយគណបក្សប្រឆាំង។ នេះបើតាមលោក សុន ឆ័យ។
«សូមបញ្ជាក់ដែរណា នៅក្នុងប្រទេសកម្ពុជាយើង យើងអត់ទាន់មានពិសោធន៍ ឬក៏មានការវិវត្តមួយនៅក្នុងប្រទេសយើងដែល គណបក្សមួយឈ្នះឆ្នោត ហើយមកគ្រប់គ្រងប្រទេស មានការផ្ដល់អំណាចដោយសន្តិវិធីនៅឡើយទេណា! អត់ដែលមានទេណា! … ដូច្នេះខ្ញុំថា អាវប្បធម៌នៃការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនេះ វាត្រូវការពេលវេលា ត្រូវការការជឿទុកចិត្តគ្នា ត្រូវការការធានាច្បាស់លាស់ ដើម្បីឲ្យការវិវត្តទៅនៃលទ្ធិប្រជាធិបតេយ្យ ឲ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនៃអំណាចនេះ អាចវិវត្តទៅ»។

«ដូច្នេះខ្ញុំថា អាវប្បធម៌នៃការផ្លាស់ប្ដូរអំណាចដោយសន្តិវិធីនេះ វាត្រូវការពេលវេលា ត្រូវការការជឿទុកចិត្តគ្នា ត្រូវការការធានាច្បាស់លាស់ ដើម្បីឲ្យការវិវត្តទៅនៃលទ្ធិប្រជាធិបតេយ្យ ឲ្យមានការផ្លាស់ប្ដូរគ្នាទៅវិញទៅមកនៃអំណាចនេះ អាចវិវត្តទៅ»។
(នូវ ពៅលក្ខិណា | VOA Khmer)
មិនមែនឧទ្ទាម!
ពេញក្នុងបទសម្ភាសន៍ទាំងមូលជាមួយVOA មានច្រើនលើកច្រើនសាណាស់ ដែលលោក សុន ឆ័យ បានលើកឡើងអំពីវិន័យការងារនិងការយកគោលការណ៍ជាធំក្នុងការសម្រេចក្តីបំណងនៃគណបក្សនយោបាយ ក្នុងនាមលោកជាអ្នកនយោបាយដែលមានមេកើយ។
មេកើយទាំងពីររូបគឺ លោក កឹម សុខា និងលោក សម រង្ស៊ី សុទ្ធតែបានទទួលការសរសើរនិងកោតស្ញប់ស្ញែងពីសំណាក់លោក សុន ឆ័យ ចំពោះអ្វីដែលលោក សុន ឆ័យ ហៅថា ជាពលីកម្មលះបង់របស់លោកទាំងពីរ ទោះជាកន្លងមកមានចំណុចមួយចំនួនក្នុងគណបក្សប្រឆាំង ដែលលោកមិនពេញចិត្តក៏ដោយ។
«ក៏ប៉ុន្តែ គំនិតក្នុងការអនុវត្តជាក់ស្ដែង ការសម្រេចនយោបាយ ទង្វើនយោបាយ កិច្ចការមួយចំនួនខ្ញុំមិនយល់ស្រប ហើយពេលណាដែលខ្ញុំមិនយល់ស្រប ខ្ញុំមិនធ្វើតាម។ ហើយពេលដែលក្នុងនយោបាយជាមួយគ្នា ពេលណាដែលគេមេ យើងមិនសូវធ្វើតាម ក៏មេមិនសូវចូលចិត្តយើងដែរ អាហ្នឹងជាការពិតមួយដែលខ្ញុំចង់បញ្ជាក់»។
នៅពេលត្រូវបានចុចសួរថា តើមានករណីណាមួយដែលមានការជំទាស់ខ្វែងគំនិតជាមួយមេគណបក្សរបស់លោកក្នុងកម្រិតមួយខ្លាំងទេ លោក សុន ឆ័យ បានផ្ទុះសំណើចនិងបន្ថែមដូច្នេះថា៖
«ខ្ញុំមិនមានអ្វីធំដុំទេ! មិនមានអ្វីធំដុំទេ គ្រាន់តែថា ដូចខ្ញុំបានបញ្ជាក់អីចឹង របៀបធ្វើការ ខ្ញុំមានរបៀបខ្ញុំ។ ហើយបើកាលណាប្រើទទឹងទទែង ប៉ុណ្ណេះហើយដល់តែធ្វើទៅ ដូរចិត្ត ឲ្យខ្ញុំធ្វើបែបនេះផ្សេង ឬមួយយ៉ាងម៉េច ខ្ញុំប្រកែកហើយ។ និយាយទៅ វាមានករណីមួយចំនួនដែរ ដែលខ្ញុំតែងរិះគន់ តែជាធម្មជាតិមនុស្សមិនសូវចង់ឲ្យគេរិះគន់ទេ ប៉ុន្តែខ្ញុំរិះគន់ថា ធ្វើនេះអត់ត្រូវ! បើយើងរិះគន់គណបក្សប្រជាជនថាគ្រួសារនិយម យើងក៏មិនគួរតែងតាំងគ្រួសារអីច្របូកច្របល់ដែរ អាហ្នឹងជាឧទាហរណ៍មួយ!»
អតីតតំណាងរាស្ត្ររូបនេះបាននិយាយទៀតថា សង្គមខ្មែរមិនទាន់មានវប្បធម៌ពេញលេញក្នុងការទទួលពាក្យរិះគន់ និងបញ្ចេញពាក្យរិះគន់បែបស្ថាបនានៅឡើយទេ ដែលនាំឲ្យមានកង្វះការជឿទុកចិត្តគ្នា រវាងគណបក្សនិងគណបក្ស និងរវាងអ្នកនយោបាយនិងអ្នកនយោបាយ។
តែក្រោយពីព្រឹត្តិការណ៍នៃការវាយបង្ក្រាបលើគណបក្សជំទាស់រយៈកាលប៉ុន្មានខែកន្លងទៅនេះ ដែលធ្វើឡើងនៅចំពេលមុនការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលទាំងលោក សុន ឆ័យ និងគណបក្សសង្គ្រោះជាតិ មិនអាចចូលរួមឈរឈ្មោះនិងប្រកួតប្រជែងបាននោះ បណ្ដាញសារព័ត៌មានដែលគាំទ្រគណបក្សប្រជាជនកម្ពុជា បានដាក់ងារលើក្រុមអ្នកនយោបាយសង្គ្រោះជាតិថាជា «ក្រុមឧទ្ទាម» ឬជា«ក្រុមក្បត់ជាតិ»ជាដើម។
ការណ៍នេះ នាំឲ្យលោក សុន ឆ័យ មិនពេញចិត្តពេញថ្លើមទាល់តែសោះ ដោយហេតុថា មកទល់នឹងពេលសម្ភាសនេះ លោកមិនទាន់យល់ទាល់តែសោះ ថាខ្លួនលោកផ្ទាល់បានប្រព្រឹត្តកំហុសអ្វី៖ «ហើយសង្ឃឹមថា រាជរដ្ឋាភិបាលនឹងមិនបន្តហៅបែបហ្នឹងទៀតទេបាទ!»៕